គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ប្រទេសម៉ូរីតានី : ឱសថស្ថានសហគមន៍គាំទ្រដោយសហគ្រាសផលិតឱសថប៉េប៉េអឹមនឹងបើកដំណើរការនៅដើមឆ្នាំ ២០២២ នៅឃុំ Tékane

កាលបរិច្ឆេទ: ០៦ ធ្នូ ២០២១ / សុខភាព

ប្រាំឆ្នាំជាងបន្ទាប់ពីគម្រោងត្រូវបានបង្កើតឡើងដោយសមាគមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺឆ្លង ឱសថស្ថានសហគមន៍ និងការលើកកម្ពស់រុក្ខជាតិឱសថ ក្នុងឃុំ Tékane នឹងចាប់ផ្តើមទទួលអ្នកជំងឺនៅត្រីមាសទីមួយឆ្នាំក្រោយនេះហើយ។

ឱសថស្ថាននេះដែលការងារសាងសង់ត្រូវបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០១៨ នឹងអាចផ្តល់សេវាព្យាបាលដល់អ្នកជំងឺប្រមាណ១៧ ០០០នាក់ និងជាកន្លែងសម្រាប់ណែនាំផ្តល់ព័ត៌មាន និងពិគ្រោះយោបល់ដល់ប្រជាជនក្រីក្រទាក់ទិននឹងបញ្ហាសុខភាព។

វត្តមានរបស់ឱសថស្ថានសហគមន៍នឹងចូលរួមលើកកម្ពស់គុណភាពសេវាព្យាបាលតាមរយៈការតាមដានថ្នាំ (ព័ត៌មានទាក់ទងនឹងលេខសម្គាល់ថ្នាំសម្រាប់មួយប្រអប់ ឈ្មោះថ្នាំ ឈ្មោះក្រុមហ៊ុន លេខសម្គាល់ទូទៅសម្រាប់ផលិតផលថ្នាំដូចគ្នា និងថ្ងៃខែផុតកំណត់) និងយុទ្ធសាស្រ្តបង្ការនៅក្នុងសហគមន៍ Tékane ដែលស្ថិតនៅភាគនិរតីនៃប្រទេសម៉ូរីតានី និងនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទសសេណេហ្គាល់។

ដោយគិតទៅដល់ប្រពៃណីពីដូនតា ឱសថស្ថានសហគមន៍ក៏បានបញ្ចូលគម្រោងលើកកម្ពស់ឱសថរុក្ខជាតិទៅក្នុងសេវាផ្តល់ការព្យាបាលរបស់ខ្លួន តាមរយៈការព្យាបាលតាមបែបបុរាណផងដែរ។ គម្រោងនេះត្រូវបានគេគិតគូរតាំងពីដំបូងមក ពោលគឺតាំងពីចាប់ផ្តើមគម្រោងបង្កើតឱសថស្ថាននេះម្ល៉េះ ហើយឱសថស្ថាននេះត្រូវមានសួនច្បារដែលមានរុក្ខជាតិស្រស់បំព្រង មានកន្លែងសម្រាប់ផ្តោះប្តូរយោបល់ បន្ទប់ផ្តល់ព័ត៌មាន មន្ទីរពិសោធន៍ស្រាវជ្រាវឱសថរុក្ខជាតិ កន្លែងស្តុកថ្នាំ និងកន្លែងព្យាបាល។ ឱសថស្ថានសហគមន៍ដែលការដ្ឋានសាងសង់ត្រូវបានផ្អាកតាំងពីប៉ុន្មានខែមកហើយដោយសារតែវិបត្តិជំងឺកូវីដនោះ នឹងត្រូវបន្ថែមណ្ឌលសុខភាពថ្មីស្រឡាងមួយទៀត​ដែលឧបត្ថម្ភជាថវិកាដោយមូលនិធិស្វីសផងដែរ៕